Wednesday, July 7, 2010

Vann molyvann

លោក វណ្ណ មូលីវណ្ណ (Vann Molyvann) គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ ប្រទេស កម្ពុជា។ លោកបានរួចចំនែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម នៅពេលដែលវប្បធម៌ខ្មែរមាន​ការរីកចំរើន​ក្រោមព្រះរាជកិច្ចដឹកនាំ​របស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។

លោក វណ្ណ មួលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ ដើមឡើយ លោកសិក្សាផ្នែកនីតិសាស្ត្រទេ។ លោកបានទទួលសញ្ញាបត្រ​ទុតិយភូមិ​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្ម នៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយនឹងចំនេះដឹងនិងទេពកោសល្យ។ លោកត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៥ ។ មួយឆ្នាំក្រោយមក ក៏ត្រូវបានគេតែងតាំងជា​ប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរស​ទីមួយ​នៃ​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧)។ នៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនា​អាគារល្បីៗជាច្រើននៅកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរយ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងសំនង់អាគារបុរាណៗ វត្តអារាម និងសំនល់ពីសម័យអាណានិគម។ ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសិទចតុមុខ អាគារគណរដ្ឋមន្ត្រី។ លោកក៏បានគូរប្លង់វត្តអារាម និង ស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។ នៅឆ្នាំ ១៩៦៣ លោកបានគូរប្លង់ពហុកីឡាដ្ឋានជាតិអូឡាំពិច ដែលអាចទទួលទស្សនិកជនបានប្រហែល ៤ម៉ឺននាក់។ នៅឆ្នាំដដែល លោកបានស្ថាបនា សាលមហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា)។ លោកក៏បានគូរប្លង់វិមានឯករាជ្យផងដែរ។ នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណនិងគ្រួសារបានភៀសខ្លួនទៅរស់នៅ​ប្រទេសស្វីស។ លោកធ្វើការអោយ UN Human Settlements Program រយៈពេល១០ឆ្នាំ មុននឹងលោកវិលត្រលប់មកមាតុប្រទេសវិញនៅឆ្នាំ ១៩៩៣។ លោកបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និង សំនង់។
ស្នាដៃចំបងៗ
* សាល​សន្និសីទចតុមុខ
* វិមានឯករាជ្យ
* ពហុកីឡាដ្ឋាន​ជាតិអូឡាំពិក​
* សំណង់�​ផ្ទះ១០០� ដែលត្រូវ​បាន​សាង​សង់​សម្រាប់​បុគ្គលិក​ធនាគារ​ជាតិកម្ពុជា​ស្នាក់នៅ​ (១៩៦៥-១៩៦៧)
* វិមានរដ្ឋចំការ​មន
* សាល​មហោស្រព​ជាតិសុរាម្រឹត (សាល​​មហោ​ស្រព​នេះត្រូវ​​ភ្លើង​ឆេះ​ កាល​ពី​ឆ្នាំ​១៩៩៤ ហើយ​​មហោស្រព​នេះ​មិន​ដែល​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ឡើយ​។)
* អនុវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​
* វិទ្យាស្ថាន​ភាសា​បរទេស​

No comments:

Post a Comment