Wednesday, July 7, 2010

Kog Somhean

លោក គង់ សំអឿន ជា​តារា​ភាពយន្ត​ខ្មែរ​ម្នាក់​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​ក្នុង​អំឡុង​ ទសវត្សរ៍ ទី​៦០ និង​ទី​៧០​ ។ មហាជន​ខ្មែរ​ទូទៅ​ដែល​មាន​អាយុ​៤០​ឆ្នាំ​ឡើង គឺ​សុទ្ធតែ​បាន​ស្គាល់​លោក​គង់ សំអឿន យ៉ាងច្បាស់​តាមរយៈ​ខ្សែភាពយន្ត​ជាច្រើន​ដែល​លោក​បាន​សម្តែង ។​ លោកជារៀមច្បងរបស់ប្អូនប្រាំនាក់ ដែលជាតារាភាពយន្តទាំងអស់ មានលោកគង់សំអាត គង់ឡុច គង់ចន្ថា គង់សុភណ័ និងគង់សុភី។

លោក គង់ សំអឿន មាន​រូបរាង​ខ្ពស់​សង្ហា​ បើ​ពិនិត្យ​ផ្នែក​នីមួយៗ​នៃ​មុខមាត់​របស់​លោក គឺ​មិន​មាន​អ្វី​លើសគេ​ទេ ភ្នែក​លោក​រាង​តូច​ម្ខាង ច្រមុះ​ពៀច​បន្តិច មាត់រា​ង​វៀច​បន្តិច ដំណើរ​លោក​រាង​ប៉ែល​បន្តិច តែបើ​ពិនិត្យ​សរុប​មក​ស្រាប់តែ​ឃើញ​លោក​ស្រស់​អស្ចារ្យ​មាន​អំណោយទាន​ ក្រៃលែង មាន​ស្រីៗ​ជាច្រើន​វង្វេងនឹង​របៀប​ញញឹម​របស់លោក គឺ​ញញឹម​មួយ​ចំហៀង​មាត់​ដ៏​គួរឱ្យ​ទាក់ទាញ ។​ ​ដោយសារ​លក្ខណៈពិសេស​នេះហើយ ដែល​លោក​បាន​ក្លាយជា​បុរស “​សម្បូរ​ស្នេហ៍​” យ៉ាងខ្លាំង ។ លោក​គង់ សំអឿន សម្បូរ​មិត្តស្រី​ណាស់ តែ​ក៏​មាន​ពេលខ្លះ ​លោក​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ ដោយសារ “​ពួកនាង​” ដែរ ។ មិនតិច​ដង​ទេ​ដែល​គេ​បាន “​ស្ទាក់ផ្លូវ​” លោក​ ដើម្បី​គំរាមថា ឈប់​ទាក់ទង​នាង​នេះ ឬ​នាង​នោះ ព្រោះ​នាង​ជា​របស់​អញ។ តែ​ជា​ការធម្មតា​ទេ លោក​មិន​ដែល​គិតថា​ជា​រឿង​ធំដុំ ព្រោះ​លោក​មិន​ដែល​ទៅ​អូសទាញ​នាង​ណាមួយ​ទេ គឺ​ពួកនាង​មករក​លោក​ដោយ​ខ្លួនឯង​ទេ​តើ មាន​ពេល​ខ្លះ​លោក​ត្រូវ​បាត់បង់​ពេលវេលា ដើម្បី​តែ​រត់​គេច “​ពួកនាង​ជំទាវ​” ទាំងនោះ​ទៀត​ផង ។​ អ្នកស្រី ប៉ូ ផល ជា​ម្តាយ​របស់​លោក គង់ សំអឿន ធ្លាប់បាន​និយាយ​រៀបរាប់​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​ថា “​អឿន កូន​ខ្ញុំ​ស្លូត​ណាស់ សុភាព​ណាស់ គេ​ជា​មនុស្ស​មិនសូវ​ចេះ​និយាយស្តី ភាគច្រើន​របស់​កាយវិកា​រ​គេ​ គឺ​ញញឹម ។ អឿន ស្រឡាញ់​ប្អូនៗ​ណាស់ គេ​តែង​ផ្គត់ផ្គង់​ថែទាំ​ម្តាយ និង​ប្អូនៗ​ជា​រហូត។ ខ្ញុំ​មិនដឹងថា គេ​មាន​និស្ស័យ​សិល្បៈ​នេះ​ តាំងពី​ពេលណា​មកទេ ព្រោះ​កាលណោះ ខ្ញុំ​រស់នៅ​ពោធិចិនតុង​ ែតអឿន​, អា​ត និង​ឡុច បី​នាក់​បងប្អូន​នាំគ្នា​មក​ស្នាក់នៅ​រៀន​ផ្ទះ​ឪពុកមា ធ្វើ​គយ​នៅ​ភ្នំពេញ ។ លុះត្រាតែ​គេ​មានឈ្មោះ​ល្បីល្បាញ​ហើយ ទើប​ខ្ញុំ​និង​ឪពុក​គេ​បានដឹង ។ ឪពុក​គេ​ជា​អ្នករដ្ឋការ ថ្វីបើ​មាន​កូន​៦​នាក់​សុទ្ធតែ​ប្រុស តែ​គាត់​តឹងរឹង​ បិទ​សេរីភាព​កូន​ប្រៀប​ដូច​កូន​ទាំង​នោះ​ជា​ស្រី ។ គាត់មិន​ចូល​ចិត្ត​នឹង​ឱ្យ​កូន​មាន​មិត្តភក្តិ​ចុះ​ឡើងផ្ទះ គាត់​មិន​ចូលចិត្ត​ឱ្យ​កូន​ក្លាយទៅ​ជា​អ្នក​កុន​ល្ខោនទេ គឺ​គាត់​តម្រូវ​ថា កូន​ម្នាក់ៗ​ត្រូវតែ​ខិតខំ​រៀនសូត្រ ។ អឿន តែង​ត្រូវ “​រំពាត់​” ជា​ញយ​ដង អំពី​រឿង​ចំណូល​ចិត្តជា​អ្នក​សិល្បៈ​នេះ ។ ដោយ​ដឹង​និស្ស័យ​ចិត្ត​ឪពុក​ដូច្នេះ កូនៗ​នាំគ្នា​លាក់​មិន​ឱ្យ​ឪពុក​ម្តាយ​ដឹង​ពី​រឿង​លេង​កុន​ទេ ។ គិត​ទៅ​កាលណោះ​ ខ្ញុំអាណិតកូន​ណាស់ កូន​ចង់​ដើរ​តួកុន ចង់​ល្បី សុខចិត្ត​ទៅ​ខ្ចី​អាវធំ​ពី​បងប្រុស​ជីដូនមួយ​ពាក់​ស័ក្តិ​៤​ខាង​អាកាសចរណ៍ ដោយ​កុហកថា​ទៅ​ញ៉ាំ​ការ តាម​ពិត​មិនមែន​ទៅ​ញ៉ាំ​ការ​ឯណា គឺ​យក​ទៅ​ថតកុន​សោះ ។ អឿន ខ្ចី​ញយ​ខ្លាចចិត្ត​បង ប្រើ​ឡុច​ឱ្យ​ទៅ​ខ្ចី​ម្តង ទាល់តែ​បងប្រុស​ឆ្ងល់​ថា ហេតុ​អី​ក៏​ពួក​វា​សម្បូរ​គេ​ហៅ​ការ​ម្ល៉េះ បានជា​ខ្ចី​អាវ​ខោ​មិន​ចេះ​ឈប់​សោះ ។ នឹក​ដល់​ត្រង់នេះ​ខ្ញុំ​អាណិតកូន​ណាស់ ហេតុតែ​ចង់​ល្អ ចង់​ល្បី សុខចិត្ត​កាត់​កេរ្តិ៍​កាត់​ខ្មាស ភូតកុហក រហូត​ដល់​គេ​ល្បីល្បាញ ។ ខ្ញុំ​នៅ​ចាំ​ថា គ្រាន់តែ​អាវធំ​ដែល​គេ​កាត់​ពាក់​សម្តែង​មាន​គ្រប់​ពណ៌ គ្រប់​ម៉ូត​ដាក់​តម្រៀប​ក្នុង​ទូ​ខោអាវ​ប្រៀប​ដូច​ហាង​សម្លៀក​បំពាក់ ។ អឿន ស្លៀកពាក់​អី​ក៏​សម ក៏​ស្អាត សម្លៀក​បំពាក់​ដែល​អឿន​កាត់​ពាក់​ អ្នកណា​ឃើញ​ក៏​ស្រឡាញ់ ក៏​សុំ​យក​ម៉ូត​តាម​ដែរ ។​ ខ្ញុំ​នៅ​នឹក​ឃើញថៃ្ង​ដែល​ខ្ញុំ​និង​ប៉ា​វា​ដឹងថា​ កូន​ជា​តួកុន ។ ថៃ្ង​មួយ​អឿន យក​សំបុត្រ​អញ្ជើញ​បី​-​បួន មក​អញ្ជើញ​ខ្ញុំ​និង​ឪពុក​វា​ឱ្យទៅ​មើល​កុន​រឿង “​សព្វ​សិទ្ធ​” ។ ពេល​ទៅ​ដល់​មុខ​រោង ឃើញ​គេ​គូររូប​តាំង​ធំៗ ឪពុក​វា​លាន់មាត់​ប្រាប់​ខ្ញុំ​ថា “​ម៉ែ​វា​អា​តួ​នេះ​ដូច​កូន​យើង​ដល់​ហើយ​” ខ្ញុំ​ក៏​ងក់​ក្បាល ព្រោះ​ដូច​មែន គ្រាន់តែ​រូបនោះ​ធំ​ជាង ហើយស្លៀកពាក់​បុរាណ​ទៅ​ ក៏ស្អាត​ជា​ង ។ លុះដល់ពេល​ចូល​ក្នុង​រោង េយីងបាន​ឃើញ​ឈ្មោះ​ដែល​គេ​ដាក់​ពីក្រោម​រូប​តាំង​លំអ​រោង ឪពុក​វា​លាន់មាត់​ស្រឡាំងកាំង យី​ឈ្មោះ​ក៏​ដូច​កូន​យើង​ទៀត តិច​លោ​វា​ទៅ​...​ ហើយចុះ​វាទៅថត​កុនពី​អង្កាល់ ​?...​ទាំង​ពីរ​នាក់​លែងមានយោបល់​តទៅទៀត ហើយក៏​មើលរឿង​រហូត​ដល់​ចប់ ។ ដំបូង​ឪពុក​ខឹង​ណាស់ ទ្រាំ​ស្ទើរ​មិនបាន ពេលត្រឡប់មក​ផ្ទះ​វិញ ដើម្បី​ “​ជេរ​” ​ឱ្យ​អស់​ចិត្ត ។ តែ​ដោយ​អ្នក​អង្គុយ​ក្បែរ​យើងនោះ​ សរសើរ​មិន​ដាច់មាត់ ឯសាច់​រឿង​ក៏​ល្អមើល តួ​សម្តែង​ក៏​សម ឪពុក​របស់គេក៏លែង​មាត់​តែម្តង ។​ ​អឿនគោរពកោតខ្លាចឪពុក​ណាស់ ពេល​ឪពុក​ហៅ​អឿន​មក​សួរ អឿន​សារភាពថា ដោយសារ​ចាងហ្វាង​ផលិតកម្ម​មក​អង្វរ​ខ្លាំង​ពេក ​ទើប​សុខចិត្ត​លេង ហើយក៏​មិន​ចោល​ការរៀនសូត្រ​ដែរ​...​ទើប​ឪពុក​នៅ​ស្ងៀម​លែង​មាត់​លែង​ក គ្រាន់​តែ​មិនសូវ​សប្បាយ​ក្នុង​ចិត្ត ។​ ខ្ញុំ​ក៏​យល់​ដែរ​ថា ប្តី​ខ្ញុំ​គាត់​ជា​ភូឈួយ​របស់ លោកញឹក ជូ​ឡុង។ លោក​ជា​អ្នក​រៀនសូត្រ​ចេះដឹង ហើយជា​តន្ត្រីករ​ម្នាក់​ ដែលមាន​ជំនាញ​ខាង​កូតវីយូឡុង និង​ចូលចិត្ត​ភ្លេងខ្មែរ ភ្លេង​មហោរី​ណាស់ តើ​ហេតុ​អី​ដល់ពេល​កូន​ក្លាយជា​អ្នកសិល្បករភាពយន្ត ដែលលោក​បែរជា​មិន​ចង់​ឃើញទៅ​វិញ ។​ ក្រោយមក​ ពេលដែល​អឿន​មាន​លុយកាក់​បាន​ទិញ​ផ្ទះ​មួយ​ឱ្យ​គាត់​នៅ​ក្រៅ​ក្រុង ​ធ្វើ​ស្រែចម្ការ​ដាំ​ដុះ​តែម្នាក់ឯង ដោយ​ធ្វើ​មិត្ត​ជាមួយនឹង “​ចប​” ឯ​ខ្ញុំ​និង​កូនៗ​រស់នៅ​ជាមួយ​អឿន​នៅផ្ទះ​វីឡា​នៅ​ផ្លូវភ្លោះ​សព្វ​ថៃ្ង (​ផ្ទះ​ទូត​គុយបា​)​ នេះឯង រហូត​ដល់​ថៃ្ង​បែក​៧៥” ។​ ​ លោក គង់ សុ​ភី ដែល​ត្រូវជា​ប្អូនប្រុស​របស់​លោក គង់ សំអឿន ក៏​បាន​និយាយ​បន្ថែមទៀតថា “​បងប្រុស​ជា​បុរស​សុភាព​ណាស់ នៅ​ខាងក្រៅ ​មិន​ដូចជា​នៅក្នុង​កុន​ដែល​ទស្សនិកជន​ឃើញថា​គាត់​ “​ខិល​”​ ចំណាប់នោះទេ ។ គាត់​ជា​មនុស្ស​តិច​មាត់តិច​ក តែ​ស្រឡាញ់​ប្អូនៗ​ និង​ចូលចិត្ត​ក្មេង ។​ ពេល​គាត់​ទៅ​សម្តែង​នៅ​ជនបទ​ឆា្ងយៗ គាត់​តែង​ចូល​ផ្សារ​ដូរ​លុយរាយ​ដើម្បី​ចែក​ឱ្យ​ក្មេងៗ កូនចៅ អ្នកភូមិ​ពេល​ដែល​មក​ចោមរោម​មើល ។ ពេល​គាត់​ផាត់មុខ​ មាន​ក្មេងៗ​មក​រោម​ជុំ គាត់​តែង​លើក​ក្មេងណា ដែល​តូច​ជាង​គេ​មក​ដាក់​លើ​ភ្លៅ​បណ្តើរ ​ផាត់មុខ​បណ្តើរ ។ គាត់​មិន​ដែល​សម្តែង​កិរិយា ឱ្យឃើញ​នូវ​ការ​ស្អប់ខ្ពើម ឬ ខ្លាច​ប្រឡាក់​នឹង​ដៃ​ជើង​របស់​ពួក​ក្មេង ដែល​កខ្វក់​នោះឡើយ ។ ចាស់ទុំ​ជិតខាង​ក៏​ដូច្នេះ​ ស្រឡាញ់​ចូលចិត្ត​គាត់​គ្រប់ៗគ្នា ។ ចរិត​របស់គាត់​គោរព​ចាស់ ស្រឡាញ់​ក្មេង ព្រោះ​គាត់​ក៏​គ្មាន​កូន ។ ប្រពន្ធ​មិន​រៀបការ​របស់គាត់ គឺ បង​រ៉េន គាត់​ស្រឡាញ់​ថែថួន​ពួក​ខ្ញុំ​ជា​ប្អូនៗ​ណាស់ ហើយក៏​មិន​ដែល​ប្រច័ណ្ឌ​ហួងហែង​បងប្រុស​ទាល់តែសោះ ។ ប្តី​ទៅ​ណា​ក៏​ទៅៗ ប្រពន្ធ​នៅ​ផ្ទះ​ថែថួន​ប្អូនៗ មើលថែ​ម្តាយក្មេក​ ដូច​ជា​ភរិយា​ពេញ​ច្បាប់​ដទៃ​ដែរ ដោយសារតែទឹកចិត្ត​ដ៏​ប្រពៃ​នេះ​ហើយ ទើប​បង​អឿន​គាត់​មិន​ដាច់ចិត្ត ចេះ​តែ​រស់នៅ​ជាមួយ​រហូត ទោះជា​មាន​ខិលខូច​ខាងក្រៅ​ខ្លះ ក៏​គាត់​មិន​ចោល​ប្រពន្ធ​ដ៏​ល្អ​នេះ​ដែរ ។​
បង​អឿន​គាត់​ចាប់​ល្បី​ខ្លាំង​ពី​ឆ្នាំ​១៩៧០ ​រហូតដល់​ឆ្នាំ​១៩៧៥​តែម្តង ។ គាត់​បាន​ទៅ​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​ភូមិភាគ​អាស៊ី នៅ​ហុងកុង សាំង​ហ្គា​ពួ​រ និង​ទីក្រុង​បាងកក ។ កាល​នោះ​ទៅ​ជា​ក្រុម​ដោយ​មាន សមាជិក​៦​នាក់ គឺ​បងគង់ សំអឿន​, បង គង់ សំអាត​, លោក​ជា យុទ្ធ​ថន​, លោក​ណុប ណែ​ម​, អ្នកស្រី គឹម ណូ​វ៉ា និង​អ្នកស្រី សោម វណ្ណ​សូ​ដា​នី ។ គ្រប់​ប្រទេស​គឺ​សុទ្ធតែ​បាន​ទទួលពាន​រង្វាន់​ទាំងអស់ ។ ចន្លោះ​ពេល​នោះ​ដែរ បង​អឿន​បាន​ទៅ​ថត​ខ្សែភាពយន្ត​ឱ្យ​លោក លី ប៊ុន​យី​ម ដែល​ថត​នៅ​ប្រទេស​ទាំង​បី ហុងកុង ថៃ និង​ខ្មែរ គឺ រឿង “​ឯណា​ប្រពន្ធ​ខ្ញុំ​?” តួ​ស្រី​គឺ​អ្នកស្រី វីរៈ​តារា អតីតៈ​ភរិយាលោក លី ប៊ុន​យី​ម ។ កាលណោះ​បងប្រុស​បាន​ចង​មិត្ត ជាមួយ​តារា​ឯក​ក្នុង​ក្រុមហ៊ុន​សាវ​ប្រាឌ័​រ មាន​លោក ជាង តាវ​វ៉េ​, ទី​លុង​, ឈិន ក្វាន់​ថៃ ជាដើម ។​ លោក​គង់ សុ​ភី បានបង្ហាញ​ការសោកស្តាយ​ថា “​ប្រសិនបើ​បងប្រុស​ខ្ញុំ​កុំ​គិត​គ្រួសារ​ពេក កុំ​ស្រឡាញ់​បងប្អូន​ពេក ម្ល៉េះ​គាត់​មិន​ស្លាប់​ទេ ព្រោះ​នៅ​ឆ្នាំ​១៩៧៥ គាត់​បាន​ទទួល​កុងត្រា​ថត​បី​រឿង​ជាមួយ​ក្រុមហ៊ុន​បរទេស ហើយ​គេ​បាន​បង្ខំ​ឱ្យ​គាត់​ទៅ​ក្នុង​ពេល​ឆាប់ៗ ​ដើម្បី​ចាប់ផ្តើម​ថត​នៅ​ ប្រទេស​ថៃ​, តែ​ដោយ​បងប្រុស​ខ្ញុំគិតថា ទៅ​ម្តងនេះ​រយៈពេល​យូរ​ នៅ​រង់ចាំ​ជួបជុំ​គ្រួសារ​នៅ​ភ្នំពេញ រហូត​ដល់​ចូលឆ្នាំ​ខ្មែរ​ហើយ​សិន​សឹម​ទៅ​...​។ ដឹងអី​ព្រឹត្តិការណ៍​១៧​មេសា បានធ្វើឱ្យ​គម្រោងការ​នោះ​ ត្រូវ​រលាយ ហើយ​បងប្រុស​ត្រូវ​បាត់បង់​ជីវិត​យ៉ាង​ខ្លោចផ្សា​ទៀត ។ ខ្ញុំ​នៅ​ចាំបាន​ថា គ្រួសារ​ខ្ញុំ​ទាំងអស់​ត្រូវ​គេ​ជម្លៀស​ ឱ្យចេញ​ទៅ​តាម​ផ្លូវ​តាខ្មៅ​ស្អាង​ ព្រែក​តូច​ ។ បង​អឿន​ខ្ញុំ​ស្លៀក​ខោចែវ ពាក់អាវ​យឺត បង់ក​ក្រមា​មួយ ពាក់​ស្បែកជើងផ្ទាត់​រុញ​ឡាន​ចេញទៅ ។ បងគង់ ឡុច មាន​ប្រពន្ធ​កូនខ្ចី​, បងគង់ ចន្ថា មាន​ប្រពន្ធ​កូនកាត់​បារាំង កូន​បី​នាក់ ។ តាមផ្លូវ​បង​អឿន​ខំ​លាក់​មុខ​ដែរ តែ​ទៅ​ដល់​ណា​ក៏​គេ​ស្គាល់ ។ យើង​ទៅ​រស់នៅ​ស្រុក​ស្អាង​ព្រែក​តូច​រយៈពេល​ប្រហែល​ពីរ​ខែ គេ ​(​ខ្មែរក្រហម​) ​យក​បង​អឿន​ទៅ ។ ខ្ញុំ​ចាំ​បាន​ថា ថៃ្ង​នោះ​ម៉ែ និង​បង​រ៉េ​ន​ប្រពន្ធ​បង​អឿន​នាំគ្នា​ទៅ​គក់ខោអាវ​នៅ​មាត់​ទន្លេ ។ ខ្ញុំ​លីងពោត ដាក់​ស្ករ​ឱ្យ​បង​ហូប ។ បង​អឿន​កំពុង​អង្គុយ​ហូប​ពោត​លី​ង ឪពុក​ខ្ញុំ​អង្គុយ​ជក់បារី​នៅក្បែរនោះ ស្រាប់តែ​មាន​ពួកយោធា​អាវ​ខ្មៅ​ពីរ​នាក់​ជិះ​ម៉ូតូ​សេ​អិល ចូល​មក​ប្រាប់ថា “​គណៈ​តំបន់​សុំ​ជួប​មិត្ត​អឿន​ជា​ប្រញាប់​” បង​អឿន ខ្លួន​ទទេ​ទាញ​អាវយឺត ហើយ​លា​ឪពុក​ខ្ញុំ អង្អែល​ក្បាល​ខ្ញុំ ជា​ចុងក្រោយ​ក៏​ឡើង​ម៉ូតូ សេ​អិល ពីក្រោយ​អ្នក​ឌុប ។​ អា​ម្នាក់ទៀត​កាន់​កាំភ្លើង​អង្គុយ​ជាប់​ពីក្រោយ ។ តាំងពីថៃ្ង​នោះ​មក បងប្រុស​ខ្ញុំ​ក៏បាត់​ស្រមោលលែងឃើញត្រឡប់មកផ្ទះ។ ក្រោយមក ឮ​គេ​លួច​ប្រាប់ថា គាត់​ត្រូវ​គេ​បណ្តើរ​មក​នៅ​ម្តុំ​កោះ​គ ហើយ​ប្រហែលជា​គាត់​ត្រូវ​ស្លាប់​នៅ​ទីនោះ​។ ម្តាយ​ខ្ញុំ​រីងរៃ​ដើរ​រក​កូន​ដូច​មនុស្ស​ឆ្កួត ។ បងប្រុស​ខ្ញុំ​ទាំង​បី​នាំគ្នា​រត់​ទៅ​ខេត្ត​កំពង់ធំ ហើយ​ត្រូវ​បែក​គ្នា​អស់ ។ សព្វ​ថៃ្ង​ខ្ញុំ​នៅ​សល់​តែ​បងប្រុស​ម្នាក់​គត់ ដែល​ភៀសខ្លួន​រួច​ទៅ​កាណាដា ឯ​បង​អាត បង​ភ័ណ ត្រូវ​ស្លាប់​នៅ​កំពង់ធំ បង​ចន្ថា​ទាំង​ប្រពន្ធ​ត្រូវ​ស្លាប់​នៅ​ភ្នំ​លាជ ។ ជីវិត​គ្រួសារខ្ញុំ ដែល​សុទ្ធតែ​ជា​តារា​ភាពយន្ត​​ បាន​ឆ្លងកាត់​ជីវិត​ឈឺចាប់​ព្រាត់ប្រាស​ចម្លែក​ខុសគេ​ ។​ ខ្ញុំ​ស្អប់​ព្រឹតិ្តការណ៍​១៩៧៥​ រហូតដល់​ឆ្នាំ​១៩៧៩​ណាស់ ព្រោះ​ខ្ញុំ​បាត់បង់​នូវ​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំត្រូវមាន បាត់បង់​លំនឹង​ផ្លូវចិត្ត​ ដោយការស្រណោះ​អាល័យ​បងៗ​ ដែល​ជា​តារា​ដ៏​ភ្លឺ​ចិញ្ចាច​ នៃ​ពិភព​សិល្បៈភាពយន្ត​ខ្មែរ ប្រសិនបើ​ពួកគាត់​នៅរស់ ម្ល៉េះ​អាចជួយ​ខ្មែរ​ផ្នែក​វិស័យ​នេះ​ឱ្យបាន​ល្អ​ប្រសើរ​ឡើង​ថែមទៀត មួយចំណែក ៕

No comments:

Post a Comment